ព្រះសីហនុ ៖ តាសម្តែងខារ៉ាអូខេម្នាក់រងរបួសធ្នន់ និងមិត្តភ័ក្តម្នាក់ទៀតរបួសស្រាល ក្នុងឧប្បត្តិហេតុ គ្រោះថ្នាក់ចរាចរណ៍រថយន្តរេចង្កូតបុកគល់ឈើ ។ ឧបទ្ទវហេតុនេះ បានកើតឡើងនៅម៉ោង៨និង៣០នាទីព្រឹកថ្ងៃទី០៤ មីនា ២០១៥ តាមបណ្តោយផ្លូវជាតិលេខ៤ ចំណុចគីឡូម៉ែត្រលេខ១៣៦-១៣៧ ស្ថិតក្នុងភូមិបឹងត្រាច ឃុំចំការល្លួង ស្រុកកំពង់សិលា ។
ស្រ្តីរងគ្រោះម្នាក់ក្នុងចំណោមពីរនាក់ត្រូវគេស្គាល់ថា មានឈ្មោះ ហ្វី ហ្វី អាយុ២៥ឆ្នាំ ជាតារាសម្តែងខារ៉ាអូខេ មានទីលំនៅក្នុងសង្កាត់បឹងត្របែក ខណ្ឌចំការមន ចំណែកម្នាក់ទៀតដែលរងរបួសស្រាលនិងជាអ្នកបើកបរឈ្មោះ អា អ អាយុ២២ឆ្នាំ ស្នាក់នៅផ្ទះជាមួយគ្នា ។
សាក្សីនិយាយថា រថយន្តដែលគ្រោះថ្នាក់ខាងលើម៉ាកបាឡែន បើកក្នុងទិសដៅពីខេត្តព្រះសីហនុឆ្ពោះមកភ្នំពេញ មកដល់ចំណុចកើតហេតុមិនដឹងយ៉ាងម៉េច ស្រាប់តែរេចង្កូតទៅខាងស្តំាដៃបុកគល់ឈើ បណ្តាលឲ្យអ្នកជិះទំាងពីរនាក់រងរបួសធ្ងន់ស្រាលតែម្តង ។
សាក្សីបានបន្តថា ក្រោយកើតហេតុភ្លាមៗ កងកម្លំាងរាជអាវុធហត្ថ ៤០២ ប្រចំាគោលដៅស្រុកបានជួយសង្គ្រោះដោយចាត់បញ្ជូនជនរងគ្រោះទៅព្យាបាលនៅមន្ទីរពេទ្យ ៕