កាលពីថ្ងៃទី១១ខែមីនាឆ្នាំ២០១៥នេះ ប្រទេសជប៉ុនបានរំលឹកខួបរយៈពេល៤ឆ្នាំ ក្រោយពីការវាយប្រហារដោយរលកយក្សស៊ូណាមិ។ ការវាយប្រហារដោយរលកយក្សស៊ូណាមិក្នុងប្រទេសជប៉ុនកាលពីឆ្នាំ២០១១ បានបណ្តាលឲ្យបាត់បង់ជីវិតមនុស្សរាប់ម៉ឺននាក់ និងបង្កឲ្យកើតមានជាវិបត្តិនុយក្លេអ៊ែរក្នុងប្រទេសជប៉ុនផងដែរ។ សោកនាដកម្មនេះ បានបន្សល់ទុកនូវភាពភ័យខ្លាច និងភាពឈឺចាប់រហូតមកដល់បច្ចុប្បន្ននេះ។
ពិធីចងចាំ និងរំលឹកខួប៤ឆ្នាំ បានធ្វើឡើងក្នុងទីក្រុងមួយចំនួនរបស់ជប៉ុន ដែលជាទីកន្លែងទទួលរងការវាយប្រហារដោយរលកយក្សនោះកាលពីឆ្នាំ២០១១ ហើយក៏មានការប្រារព្ធពីធីក្នុងទីក្រុងតូក្យូផងដែរ។.
រូបភាពតាមរយៈទូរទស្សន៍រដ្ឋជប៉ុនបានបង្ហាញពី ជនរងគ្រោះ និងអ្នកស្ម័គ្រចិត្តជាច្រើននាក់ ដែលបានលើកដៃរបស់គេបួងសួងក្បែរអាគារ ដែលរងការវាយប្រហារ ដោយរលកយក្សស៊ូណាមិ។ ការប្រារព្ធពិធីនេះបានធ្វើឡើង ក្នុងទីក្រុងកំពុងផែមួយនៃទិសឥសាន្ត ដែលជាកន្លែងធ្លាប់ទទួលរងការវាយប្រហារពីរលកយកស៊ូណាមិ។
ការស្មឹងស្មាតរយៈពេលមួយនាទីនៅទូទាំងប្រទេសក៏បានធ្វើឡើងផងដែរ។ ជាការស្មឹងស្មាតជំនួយឲ្យសម្លេងសឺរ៉ែននៃការប្រកាសអាសន្នពីរលកស៊ូណាមិ កាលពីឆ្នាំ២០១១ ដែលបានកើតឡើងក្នុងកម្រិត៩រិចទ័រ នៅវេលាម៉ោង២ និង៤៦នាទីរសៀល ម៉ោងក្នុងប្រទេសជប៉ុន។
កម្លាំងដ៏មិហិមានៃជញ្ជាំងផ្ទៃទឹកសមុទ្របានបកបោកយ៉ាងលឿនដូនល្បឿនយន្តហោះឆ្ពោះមកកាន់ឆ្នេរសមុទ្រ។ មិនបានរយៈពេលប៉ុន្មាននាទីផងសហគមន៍ ដែលនៅក្បែរនោះត្រូវទឹកលេបត្របាក់ ហើយគ្រួសារជាច្រើនត្រូវបានស្លាប់បាត់បង់ជីវិត។
ទីភ្នាក់ងារប៉ូលីសជាតិជប៉ុនបាននិយាយថា មនុស្សប្រមាណ១៥,៨៩១នាក់ ត្រូវបានបញ្ជាក់ថាបានស្លាប់ក្នុងហេតុការនោះ ហើយរហូតមកដល់ពេលនេះមនុស្សប្រមាណ២,៥៨៤នាក់ ត្រូវរាប់បញ្ចូលក្នុងបញ្ជីឈ្មោះអ្នកបាត់ខ្លួនក្រោយពីហេតុការរលកយក្សស៊ូណាមិ។ ក្រុមគ្រូសារសាច់ញាតិរាប់ពាន់នាក់ នៅតែបន្តស្វែងរកសាកសពសមាជិកគ្រួសារ ដែលបានស្លាប់បាត់បង់ជីវិតក្នុងរលកស៊ូណាមិនៅឡើយរហូតមកដល់ពេលនេះ។
មន្ត្រីប៉ូលីសម្នាក់បានបញ្ជាក់ថាពួកយើងនៅតែបន្តស្វែងរកជានិច្ច ព្រោះពួកយើងជឿថាយើងនឹងអាចរកសាកសពទាំងនោះឃើញ៕