បាត់ដំបង ៖ មន្ត្រីគយមួយរូបដែលឈរជើងនៅក្នុងស្រុកសំពៅលូន ហើយក៏ត្រៀមនឹងប្រកាស ចូលទៅគ្រប់គ្រងនៅច្រកតំបន់៤០០ ក្នុងទឹកដីស្រុកសំឡូត កំពុងទទួលរងនូវការចោទប្រកាន់ និងមានពាក្យបណ្ដឹងជាច្រើនពីសំណាក់ជនរងគ្រោះ ថែមទាំងមានដីការបស់តុលាការផងនោះ ត្រូវបានសមត្ថកិច្ចជំនាញនៃស្នងការដ្ឋាននគរបាលខេត្តធ្វើការស្របស្រួល និងដោះលែងយ៉ាងសំងាត់ បន្ទាប់ពីបានចាប់ខ្លួនកាលពីថ្ងៃទី១០ ខែមីនា ឆ្នាំ២០១៥ វេលាម៉ោង១រសៀល ត្រង់ចំណុចអាហារដ្ឋាន Riverក្បែរមាត់ស្ទឹងសង្កែ ស្ថិតក្នុងភូមិកម្មករ សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបងរួចមក។
យោងតាមប្រភពនៅឯមូលដ្ឋានបានបញ្ជាក់ថា កាលពីថ្ងៃទី១០ ខែមីនាកន្លងទៅថ្មីៗនេះ
មានការអនុវត្តដីកាចំនួនពីរកន្លែងព្រមៗគ្នា ព្រោះសង្ស័យជារឿងដែលពាក់ព័ន្ធក្នុងករណីតែមួយ
ដោយចំណុចទី១-ឃាត់ខ្លួនលោក យី ថុល នៅក្នុងអាហារដ្ឋានRiver គឺជាមន្ត្រីគយប្រចាំស្រុកសំពៅលូន ហើយក៏ត្រៀមប្រកាសចូលទៅគ្រប់គ្រងនៅច្រកតំបន់៤០០ដែរ ទី២-គឺនៅក្នុងភូមិស្ពានយោល ឃុំជ្រៃសីមា ស្រុកសំពៅលូន ដោយនៅទីនោះសមត្ថកិច្ចបានឃាត់ខ្លួនមនុស្សចំនួន៣នាក់ ទី១-ឈ្មោះ យ៉ា ភេទស្រី អាយុ៣៣ឆ្នាំ ទី២-ឈ្មោះ ហុក សម្បត្តិ ហោម៉ាប់ ភេទស្រី អាយុ៣៣ឆ្នាំ និងទី៣-ឈ្មោះ ឆេង នៅ ហៅពាវ ភេទប្រុស អាយុ៣៣ឆ្នាំដូចគ្នា។
ពាក់ព័ន្ធនឹងការឃាត់ខ្លួនមនុស្សទាំងពីរចំណុចខាងលើនេះ គឺជនសង្ស័យចំនួន៣នាក់ទំនងជាគេបានបញ្ជូនខ្លួនទៅតុលាការតែម្តង ដោយឡែកតែមន្ត្រីគយម្នាក់ប៉ុណ្ណោះដែលគេបាននាំខ្លួនចូលទៅក្នុងការិយាល័យនគរបាលប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជនដើម្បីសាកសួរ ប៉ុន្តែរឿងនេះត្រូវបានគេធ្វើយ៉ាងសំងាត់នៅក្នុងការិយាល័យ ដោយមិនបានបញ្ចេញព័ត៌មានទៅឲ្យក្រុមអ្នកសារព័ត៌មានបានដឹងឡើយ ទីបំផុតនៅល្ងាចថ្ងៃទី១១ ខែមីនា ឆ្នាំ២០១៥ ជនសង្ស័យត្រូវបានគេដោះលែងឲ្យមានសេរីភាពវិញ។
បើតាមប្រភពច្បាស់ការមួយបានបង្ហើបឲ្យកម្ពុជាថ្មីដឹងនាព្រឹកថ្ងៃទី១២នេះថា ដីកាដែលបញ្ជាឲ្យចាប់ខ្លួននេះគឺពាក់ព័ន្ធទៅនឹងករណី “ទិញពេស្យាចារ” ដែលនារីទាំងនោះសុទ្ធតែជាអនីតិជនទាំងអស់ ព្រោះការឃាត់ខ្លួននេះត្រូវបានរួចខ្លួនដោយស្ថិតនៅក្រៅសំណាញ់ច្បាប់ទៅវិញ។ ដូច្នេះតើភាពយុត្តិធម៌ចំពោះកុមារីដែលជាជនរងគ្រោះនោះនឹងទៅជាយ៉ាងណា? បើអ្នកដែលប្រព្រឹត្តត្រូវបានរួចខ្លួនបែបនេះ?