ហុងកុង៖ តារាសម្តែង វ័យ៥០ឆ្នាំ លោក Dicky Cheung ដែលមនុស្សគ្រប់គ្នា ស្គាល់ថាជាស្តេចស្វា ស៊ុន អ៊ូខុង ក្នុងរឿងភាគ Journey to the West (ថាំងចេងទៅចម្លងធម៌) បាននិយាយប្រាប់ សារព័ត៌មានថា លោកមានការដឹងគុណ យ៉ាងខ្លាំងទៅដល់ លោក Andy Lau ដែលបានឲ្យលោកខ្ចីលុយ ក្នុងគ្រាដែលលោក ក្ស័យធន។
នៅក្នុងឆាកជីវិត តារាសម្តែង លោក Dicky Cheung ក៏មានរឿងល្វីងជូរចត់ ដែលធ្វើឲ្យលោក មិនអាចបំភ្លេចបានផងដែរ ក្នុងនោះលោកក៏ធ្លាប់ បរាជ័យ ក្នុងអាជីពជាតារាចម្រៀង ធ្ងន់ធ្ងររហូតដល់ក្ស័យធន។
លោក Dicky បាននិយាយថា៖ “ខ្ញុំដឹងពីសមត្ថភាពខ្លួនខ្ញុំ ច្បាស់ណាស់ ថាអ្វីដែលខ្ញុំអាចធ្វើបាន! ខ្ញុំមិនចេះច្រៀង រាំ និងនិពន្ធ បទចម្រៀងនោះទេ តែហេតុអ្វីក៏ក្រុមហ៊ុន បានឲ្យខ្ញុំធ្វើវា?”។ គាត់បានឲ្យដឹងទៀតថា នៅក្នុងអាជីព ជាអ្នកចំរៀង ក្នុងកំឡុងឆ្នាំ ១៩៩៧ លោកបានជួបនូវបញ្ហា ហិរញ្ញវត្ថុយ៉ាងធ្ងន់ធ្ងរ ដែលបានធ្វើឲ្យលោក បាត់បង់លុយយ៉ាងច្រើន រហូតដល់ក្ស័យធន។
គាត់និយាយទៀតថា៖ “សំណាងល្អ នៅពេលនោះ លោក Andy Lau បានជួយស្រោចស្រង់ខ្ញុំ ដោយឲ្យខ្ញុំចូលរួមសម្តែងក្នុង រឿងភាពយន្តមួយ និងបានឲ្យខ្ញុំខ្ចីលុយខ្លះ! ខ្ញុំពិតជាដឹងគុណ គាត់ណាស់ រហូតមកដល់សព្វថ្ងៃនេះ” ។ គាត់ក៏បានបន្ថែមទៀតថា៖ “នៅក្នុងពេលវេលា កន្លងមកនេះ ខ្ញុំត្រូវបានគេឲ្យចូល រួមសម្តែងក្នុងខ្សែភាពយន្ត យ៉ាងតិចមួយ ហើយនៅពេលវេលា ដ៏លំបាករបស់ខ្ញុំវិញនោះ គឺខ្ញុំគ្មានការងារធ្វើនោះទេ! វាបានបង្រៀនឲ្យខ្ញុំដឹងថា អ្នកគួរតែប្រឹងប្រែងធ្វើការ ទោះជាលំបាកយ៉ាងណា រហូតបានទទួលលទ្ធផល។ អ្នកត្រូវការហាត់ពត់ខ្លួនអ្នក និងលើកទឹកចិត្តដល់ខ្លួនឯង ដើម្បីអភិវឌ្ឍន៍បន្ថែម ហើយត្រូវត្រៀមខ្លួនរួចរាល់ សម្រាប់ការប្រកួតប្រជែង ទាំងអស់!”៕