ខេត្តព្រះសីហនុៈកុមារ៉ាម្នាក់បានបាត់បង់ជីវិតស្លាប់ភ្លាមៗបន្ទាប់ពីបញ្ជូនមកដល់មន្ទីពេទ្យបង្អែកចំការចេក ក្រោយពីបានលង់ទឹកក្នុងអាងហែលទឹករបស់សណ្ឋាគារហ្គោល ដែលមានទីតាំងស្ថិតក្នុងក្រុមទី១៧ភូមិ៤ សង្កាត់លេខ៤ ក្រុងព្រះសីហនុ នាវេលាម៉ោង១៨និង០០។
យោងតាមការអោយដឹងពីលោក ប៉ាង ង៉ែត អាយុ៤០ឆ្នាំ មានទីលំនៅស្រុកស្ទឹងសែន ខេត្តកំពង់ធំត្រូវជាឪពុកកុមាររងគ្រោះបានអោយដឹងថា កូនប្រុសរបស់គាត់ដែលបានបាត់បង់ជីវិតនេះមានឈ្មោះប៉ាង ពិភព ភេទ ប្រុសអាយុ៤ឆ្នាំជាកូនទី២ក្នុងគ្រួសាររបស់។លោកបន្តថា ក្រុមគ្រួសាររបស់គាត់បានមកលេងខេត្តព្រះសីហនុរយះពេល២ថ្ងៃមកហើយ ៗនៅថ្ងៃកើតហេតុក្រុមគ្រួសាររបស់គាត់មានគ្នាប្រមាណ៤នាក់ បានចុះងូតទឹកក្នុងអាងហែលទឹកក្នុងសណ្ឋាគារ ដោយកូនៗរបស់គាត់ងូតលេងក្នុងអាងដែលមានទឹករ៉ាក់ ប៉ុន្តែមិនដឹងយ៉ាងម៉េច រយះពេលតែមួយភ្លេតសោះ កូនប្រុសរបស់គាត់បែជាទៅលង់ទឹកក្នុងអាងទឹកជ្រៅទៅវិញ ធ្វើអោយក្រុមគ្រួសាររបស់គាត់មានការតក់ស្លុតយ៉ាងខ្លាំងដឹកយកមកសង្គ្រោះនៅមន្ទីពេទ្យតែសំណាងអាក្រក់កូនរបស់គាត់បានបាត់បង់ជីវិតទៅចោលពួគគាត់ទាំងនៅក្មេងខ្ចីដូច្នោះសោះ។
បច្ចុប្បន្នសាកសពកុមាររងគ្រោះ ត្រូវបានក្រុមគ្រួសារដឹកយកទៅស្រុកកំណើតទាំងយប់នៅខេត្តកំពង់ធំដើម្បីធ្វើបុណ្យតាមប្រពៃណីខ្មែរ៕