ខេត្តស្វាយរៀង :ករណីលោក ខាត់ សារ័ត្ន និងបក្ខពួកគៀប យកលុយក្រៅផ្លូវការពីពលរដ្ឋខ្មែរឆ្លងដែនតាមច្រកទ្វារអន្តរជាតិបាវិតចេញចូលទៅពិនិត្យព្យាបាលជម្ងឺនៅទីក្រុងហូជីមិញ ប្រទេសយួន ត្រូវបានបណ្ដាញព័ត៌មាននានាចុះផ្សាយជាបន្តបន្ទាប់រួចទៅហើយតាមការបង្ហើបពីមន្ត្រីនៅច្រកទ្វារអន្តរជាតិបាវិត ក្រុងបាវិត ខេត្តស្វាយរៀង បានឲ្យដឹងថា ក្រោយពេលចូលកាន់តំណែងជានាយប៉ុស្តិ៍នគរបាលអន្តោប្រវេសន៍ច្រកទ្វារអន្តរជាតិបាវិតរួចមក គឺលោកឧត្តមសេនីយ៍ត្រី ខាត់ សារ័ត្ន ប្រើតួនាទី និងអំណាចប្រមូលលុយតាមរបៀបពុករលួយយ៉ាងពេញទំហឹង។
ហេតុនេះថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ និងនាយឧត្តមសេនីយ៍ គៀត ច័ន្ទថារិទ្ធ អគ្គនាយកនៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ មិនគួរបណ្ដែតបណ្ដោយឲ្យលោក ខាត់ សារ័ត្ន ប្រព្រឹត្តអំពើពុករលួយកាន់តែខ្លាំងក្លានោះទេ។
ប្រភពស្និទ្ធនឹងលោក ខាត់ សារ័ត្ន បានឲ្យដឹងថាឈ្មួញដែលរកស៊ីនាំចូលនាំចេញទំនិញតាមច្រកទ្វារអន្តរជាតិបាវិត ក៏ជាប្រភពចំណូលដ៏ធំរបស់លោក ខាត់ សារ័ត្ន ផងដែរ ជាពិសេសឈ្មួញនាំចូលទំនិញគេចពន្ធ ទំនិញបង់ពន្ធមិនគ្រប់។ លោក ខាត់ សារ័ត្ន គ្មានតួនាទីប្រមូលពន្ធដូចជាមន្ត្រីគយនោះទេ ប៉ុន្តែឈ្មួញនាំចូលនាំចេញតាមច្រកទ្វារអន្តរជាតិបាវិត ត្រូវតែបង់ លុយលើតុក្រោមតុឲ្យលោក ខាត់ សារ៉ាត់ ដោយមិនអាចរំលងបានឡើយ។
ដូច្នេះក្នុងមួយថ្ងៃៗ លោក ខាត់ សារ័ត្ន ប្រមូលលុយបានយ៉ាងច្រើនពីពលរដ្ឋខ្មែរដែលឆ្លងដែនចេញចូលទៅពិនិត្យព្យាបាលជម្ងឺនៅក្រុងហូជីមិញ និងពីក្រុមឈ្មួញនាំចូលនាំចេញទំនិញ តាមច្រកទ្វារអន្តរជាតិបាវិត ក្រុងបាវិត ខេត្តស្វាយរៀង។ សូមបញ្ជាក់ថា សព្វថ្ងៃនេះច្រកអន្តរជាតិមួយនេះសម្បូរទៅរបស់គេចពន្ទខ្នាតយក្ស ក្នុងមួយៗខែរាប់លានៗដូល្លារ ដោយសារភាពពុយរលួយ។
មន្ត្រីពាក់ព័ន្ធនៅច្រកទ្វារអន្តរជាតិបាវិត បានលើកឡើងថា ការដែលលោកឧត្តមសេនីយ៍ត្រី ខាត់ សារ័ត្ន សាងភាពល្បីល្បាញខាងពុករលួយយ៉ាងឆាប់រហ័សដោយសារអាងមានខ្នងបង្អែករឹងមាំនៅក្នុងអគ្គនាយកដ្ឋានអន្តោប្រវេសន៍។ ដូច្នេះហើយទើបមានការជំរុញឲ្យនាយឧត្តមសេនីយ៍ គៀត ច័ន្ទថារិទ្ធ អគ្គនាយកនៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ចាត់វិធានការទប់ស្កាត់អំពើពុករលួយរបស់លោក ខាត់ សារ័ត្ន ខ្លះផង។
ដោយហេតុថា បច្ចុប្បន្នរឿងអាស្រូវពុករលួយច្រើនបែបច្រើនយ៉ាងរបស់លោក ខាត់ សារ៉ាត់ នាយប៉ុស្តិ៍នគរបាលច្រកទ្វារអន្តរជាតិបាវិត ត្រូវបានលាតត្រដាងជាសាធារណៈរួចទៅហើយ៕