កំពង់ឆ្នាំង÷ថ្មីៗនេះ មានធំខ្លិនអាស្រូវចេញពីឃុំពាមឆ្កោក ស្រុកជលគិរី ថាមានមេខ្យល់ដើរទារលុយ ពីប្រជាពលរដ្ឋ ដែលមានឈ្មោះទទួលបានដី កាត់ឆ្វៀល ពីគណកម្មាធិការស្រុកជលគិរី ក្នុង១ហិតា 60ដុល្លា។
ប្រភពនេះ បានបញ្ជាក់ថា គណកម្មាធិការ កាត់ដីឆ្វៀល ជូនប្រជាពលរដ្ឋនេះ បានធ្វើឡើងតបតាមបទបញ្ជា សម្ដេច ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាល បន្ទាប់ពីរាជរដ្ឋាភិបាល បានដកដី តំបន់៣ ដែលជាដែនព្រៃលិចទឹក សម្រាប់មច្ឆជាតិពងកូន ដោយកំណត់ព្រំប្រទល់ដីតំបន់៣ឱ្យបាន ជាក់លាក់។
ប៉ុន្តែសម្ដេច បានបញ្ជាឱ្យ រដ្ឋបាលដែនដី ចុះស៊ើបអង្កេត ពិនិត្យជាក់ស្ដែង និងមានយន្តការជាក់លាក់ ចំពោះដីដែលប្រជាពលរដ្ឋ បានបង្កបង្កើនផល និងកាន់កាប់ ជាក់ស្ដែងយូរឆ្នាំមកហើយ ដើម្បីកាត់ឆ្វៀលប្រគល់ឱ្យពួកគាត់វិញ។
ដោយឡែកជាការឆ្លើយតប នឹងបទបញ្ជានេះ ស្រុកជលគិរី ក៏មាន ការ បង្កើត គណកម្មាធិការកាត់ឆ្វៀលនេះ ហើយគណកម្មាធិការនេះ បាន ចុះបេសកកម្ម ក្នុងកំឡុងខែ មិថុនា ,កក្តដា និងរហូតមកដល់ពេលនេះ ស្រាប់តែលេចខ្លិនស្អុយបណ្ដើរៗមកថា មានមេខ្យល់ដើរទារលុយ ពីប្រជាពលរដ្ឋ ដែលត្រូវគេកាត់ឆ្វៀលដីឱ្យនោះ ក្នុង១ហិតា ៦០ដុល្លា។
ហើយគណកម្មាធិការកាត់ឆ្វៀលដីនេះ គឺដឹកនាំដោយ លោកអភិបាល នៃគណ:អភិបាលស្រុក ដូវ គឹម ស៊ីន។
ករណីនេះ មតិមហាជនបានលើកឡើងថា មកទល់ថ្ងៃនេះហើយ នៅតែមានមន្ត្រី ថ្នាក់កំពូលៗនៅរដ្ឋបាលមូលដ្ឋាន ក្បត់នឹងសម្ដេច អញ្ចឹងទៀត អញ្ចឹងហើយបានជាធ្វើឱ្យបាត់សន្លឹកឆ្នោត គាំទ្រខ្លះនោះ ។
ទាក់ទងនឹងរឿងនេះ លោក ដូវ គឹមស៊ីន អភិបាល នៃគណ:អភិបាល ស្រុក ជលគិរី និងជាប្រធានក្រុមការងារ បេសកកម្មកាត់ឆ្វៀលដីនេះ មិនបានបំភ្លឺដូចម្ដេចទេ ដោយទូរស័ព្ទរបស់លោក ហៅមិនចូលរហូត…ប៉ុន្តែព័ត៌មាននេះ អង្គភាពគេហទំព័់រយើងនឹងបន្ត ស្រាវជ្រាវ ដើម្បីចេញផ្សាយ ចែកជូនដំណឹងដល់រាជរដ្ឋាភិបាល និសាធារណជន៕