ខេត្តកំពង់ឆ្នាំង: ប្រជាពលរដ្ឋប្រកបមុខរបរនេសាទជាលក្ខណៈគ្រួសារ បានសុំដោយទទួចដល់ថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់ ពិសេសថ្នាក់ដឹកនាំខេត្តកំពង់ឆ្នាំង និង មន្ទីរកសិកម្មខេត្តកំពង់ឆ្នាំង មេត្តាបញ្ជាអោយមានការចុះមកពិនិត្យមើល ភាពគគ្លើន នៃការជិះជាន់ផ្កាប់ឆ្នាំងបាយរបស់រាស្ត្រស្លូតត្រង់ ដែលកំពុងរស់នៅភូមិតាមួនលើលើឃុំកោះថ្កូវស្រុកជលគិរីនិងនៅភូមិកំពង់ប្រាសាទផង ព្រោះបុគ្គល សុខ ចំរើន និងអាជ្ញារធរឃុំកំពង់ប្រាសាទ រួមដៃជាមួយផ្នែកជលផលកំពង់ប្រាសាទ ឃុបឃិតពុករលួយរឿងកាត់ព្រែកលក់ ផ្កាប់ឆ្នាំងបាយពលរដ្ឋផង។
ដោយមានការឃុបឃិតនោះហើយទើបលោក សុខ ចំរើន អាចប្លន់យកព្រែករួមទៅរកសុី រត់រ៉ាវ ពាំងបាំងព្រែកមួយទាំងមូលធ្វើធ្នស់រកសុីផ្តាច់មុខតែម្នាក់ឯងបានយ៉ាងនេះ?។
ប្រជានេសាទរស់នៅក្នុងភូមិកំពង់ប្រាសាទ និងភូមិតាមួនលើ ជាច្រើននាក់អោយដឹងទៀតថា៖ លោក សុខ ចំរើន គឺជាមេឈ្មួញប្រមូលទិញត្រីដ៏សកម្មម្នាក់តែប៉ុណ្ណោះ ប្រចាំនៅឃុំកំពង់ប្រាសាទ។ ដោយសុខ ចំរើន មានការឃុបឃិតពីអាជ្ញាធរមូលដ្ឋាន និងជំនាញជលផលទើបរកសុីដាក់របាំងព្រួលកាត់ព្រែកដាក់ធ្នស់ថែមទៀត។ ហើយអាចរកសុីបានយ៉ាងរំភើយនិងដោយរលូន ស្ថិតក្រោមក្រសែភ្នែក ចាំជួយការពារពីជំនាញជលផលនិងអជ្ញាធរភូមិឃុំ យ៉ាងខែងរ៉ែងទៀតផង។
ពលរដ្ឋបន្តថា៖ពួកគេម្នាក់ៗមានលុយ មួយក្រុមមានអំណាច ម្ខាងទៀតមានជំនាញពុករលួយ មិនចេះអាណិតក្រពះរាស្ត្រក្រីក្រ ដែលរកនេសាទបានត្រឹមចិញ្ចឹមកូនៗសម្រាប់មួយចម្អែតក្រពះឡើយ។ ពួកគេគឹតតែពុករលួយ និង ជិះជាន់បំពានលើរាស្ត្រទន់ខ្សោយនៅកំពង់ប្រាសាទ ដើម្បីយកធ្វើមានបាន តែរៀងៗខ្លួន ដូចកណ្តៀរពូនដំបូកអញ្ចឹង។
ប្រភពដដែលបន្តថា៖លោក សុខ ចំរើន អាងមានលុយ ទិញក្បាលមន្ត្រីលោភលន់បានតាំងពីក្រោម ដល់លើមួយក្តាប់តូច ចែកប្រយោជន៍សំរាប់ពួកគេផ្ទាល់រៀងៗខ្លួនលួចលាក់ពីពលរដ្ឋ ស្នើសុំច្បាប់ដែលចេញផ្កាប់ឆ្នាំងបាយពលរដ្ឋអត់កោតក្រែងអ្នកភូមិកំពង់ប្រាសាទនិងអ្នកភូមិតាមួនលើបន្តិចសោះឡើយដោយយកលេសថាបំពេញសេចក្តីត្រូវការរបស់សហគមន៍ តាមពិតគ្រាន់តែដើម្បីលុយញាត់ហោប៉ៅពួកគេប៉ុណ្ណោះ។ ពួកគេបិទច្រមុះរាស្ត្ររកសុី គឺផ្កាប់ឆ្នាំបាយរាស្ត្រ គគ្លើនយ៉ាងនេះបាន មិនដឹងថា សុខ ចំរើន បានច្បាប់ ឬបានសិទ្ធិពីបុគ្គលថ្លើមពេសមេឃណាមួយទេ។ ប៉ុន្តែគេដឹងថាមានការឃុបឃិតស្នើសុំនេសាទពីប្រធានសហពន្ធ័នេសាទសហគមន៍ខេត្តកំពង់ឆ្នាំង គឺលោក ឈឹម ឈឿន សុំទៅក្រសួង ដោយសហពន្ធ័នេសាទខេត្តជាអ្នកផ្តើមគំនិតផ្កាប់ឆ្នាំងបាយរាស្ត្រមុនគេ។ សុខៗស្រាប់តែព្រែកនៅភូមិព្រែកកំពង់ប្រាសាទដែលអ្នកភូមិតាមួនលើនិងអ្នកភូមិកំពង់ប្រាសាទធ្លាប់រកសុី ជាធ្លាទឹកពលរដ្ឋអាចរកសុីនេសាទសាធារណៈជាសហគមន៍បាន ត្រូវក្រុមលោក សុខ ចំរើន នាំគ្នីគ្នាយក បង្គោលព្រួលមកបោះបាំងជិតឈឹង ធ្វើធ្នស់នេសាទផ្តាច់មុខតែម្តង បានយ៉ាងស្រួលៗ សួរថា បើអត់មានបុគ្គលណាផ្តើមខូចកាងការពារអោយខុសច្បាប់ទេនោះ តើទៅរួចទេ?។
ពលរដ្ឋកំពុងដាក់ការសង្ស័យជាពិសេសថា ព្រែកនៅភូមិកំពង់ប្រាសាទនេះ អាចមកពីមេសហពន្ធ័នសហគមន៍នេសាទខេត្ត ធ្វើជាមេក្លោងហើយមានការសម្រប សម្រួលពីលោក លី ឡា មេជលផលខេត្តសម្រួលក្នុងការបោះមេលក់អោយឈ្មួញផ្តាច់រយៈពេល៣ឆ្នាំ ហើយកាងលោក សុខ ចំរើន អោយធ្វើដោយរំលងក្បាលមន្ទីរកសិកម្មខេត្ត ព្រមទាំងចៅហ្វាយខេត្តទៀតផង? ហេតុនេះហើយទើបលោក សុខ ចំរើន ហ៊ានគគ្លើនបំពានយកព្រែកមួយមករកសុីផ្តាច់មុខបានស្រួលបែបនេះ។
ពលរដ្ឋសង្ឃឹមថា ឯកឧត្តមចៅហ្វាយខេត្ត អាណិតមេត្តាដល់ប្រជានេសាទតូចតាច ជួយដកយកព្រែកដែល សុខ ចំរើន យកធ្វើផ្តាច់មុខនេះមកអោយប្រជាពលរដ្ឋភូមិកំពង់ប្រាសាទនិងភូមិតាមួមលើ ស្រុកជលគិរី បាននេសាទរួមដូចសព្វដងផង។
លោកប្រធានសហពន្ធ័សហគមន៍នេសាទខេត្តកំពង់ឆ្នាំងនិងប្រធានផ្នែកជលផលកំពង់ប្រាសាទព្រមទាំង លោកលី ឡា នាយខណ្ឌជលផលខេត្ត និងមេឃុំកំពង់ប្រាសាទ មេឃុំកោះថ្កូវ ស្រុកជលគិរីសុទ្ទតែមិនទាន់អាចសួរបញ្ចាក់រឿងរ៉ាខាងលើបានទេ កាលពីព្រឹកមិញនេះ៕